រដ្ឋសភាអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ សម្រាប់​មេដឹកនាំ​ស្ថាប័ន​ជាតិ​កំពូល​ទាំង​ ៤

November 16, 2021

ក- ក+

ភ្នំពេញៈ រដ្ឋសភា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ ​សម្រាប់​ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ច្បាប់​មួយចំនួនទៀត ដោយមាន​ការចូលរួម​ពី​សមាជិក​ចំនួន​ ១១១ ​រូប​នា​ថ្ងៃទី​ ២៥ តុលា​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​នៅ​ថ្ងៃទី​ ២៥ តុលា ឱ្យដឹងថា រដ្ឋសភា​បាន​បន្ត​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ ២០២១ ដោយមាន​ការចូលរួម​ពី​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​សមាជិកសភា​ចូលរួម​ចំនួន​ ១១១ ​រូប​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា អង្គប្រជុំ​បាន​លើកយក​របៀបវារៈ​ចំនួន​ ៤ ​មក​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​ ១៩ ​ថ្មី មាត្រា​ ៨២ ​ថ្មី មាត្រា​ ១០៦ ​ថ្មី​ (​មួយ​) មាត្រា​ ១១៩ ​ថ្មី និង​មាត្រា​ ១៣៧ ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​ ៣ និង​មាត្រា​ ៤ នៃ ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា សេចក្តី​ព្រាងច្បាប់​នេះ​សំដៅ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ ​សម្រាប់​ប្រធាន​រដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។ ព្រោះ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​ស្ថាប័ន​កំពូល​របស់​ជាតិ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្ថាប័ន​ទាំងនេះ​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការសម្រេច​លើ​កិច្ចការ​សំខាន់ៗ ដែលជា​អាយុជីវិត​របស់​ប្រទេសជាតិ សំដៅ​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឧត្តមប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​។ ប្រឆាំង​ដាច់ខាត​នឹង​ការជ្រៀតជ្រែក​ពី​បរទេស​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ជាតិ ឬ​ការបង្គាប់​បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ- អន្តរជាតិ​របស់​កម្ពុជា​។

លោក​ សេរី កុសល សមាជិក​រដ្ឋសភា​មណ្ឌល​បន្ទាយមានជ័យ​ថ្លែង​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​នេះ​ថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ​នាពេលនេះ គឺ​ត្រឹមត្រូវ​ជាទីបំផុត ហើយ​ស្រប​ទៅ​តាម​កាលៈទេសៈ​នៃ​ប្រទេសជាតិ​មួយ​កំពុងតែ​ជួបប្រទះ ដែល​គេ​ហៅថា​ព្យុះ មិន​ត្រឹមតែ​ព្យុះ ព្យុះសង្ឃរា​។ ព្រោះ​ច្បាប់​នេះ​ត្រូវបាន​ពន្យារ តាំងពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចាប់​បដិសន្ធិ​ឡើង​រហូត​មក​ដល់​ពេលនេះ​។

លោក​ថ្លែងថា​៖ «​យើង​គិតថា ជាង​ ២៨ ​ឆ្នាំ​មកហើយ ការពន្យារ​ទុក​ឱកាស​នេះ គឺ​ច្បាប់​តាក់តែង​មិនមែន​សំដៅ​ទៅរក​បុគ្គល​ណាមួយ​ទេ ឬ​ក្រុម​ណាមួយ​ទេ គឺ​ច្បាប់​សម្រាប់​បម្រើ​ប្រទេស​ជាតិ សម្រាប់​អនាគត វាសនា​នៃ​ប្រទេសជាតិ​»​។